គប្បីទៅកាន់ក្រុងចម្បា ហើយក្រាបបង្គំទូលសួរសេចក្តីនេះ នឹងព្រះដ៏មានព្រះភាគ។ គ្រានោះឯង ភិក្ខុឈ្មោះកស្សបគោត្ត រៀបចំទុកដាក់សេនាសនៈ ហើយកាន់យកបាត្រ និងចីវរ ចៀសចេញ ទៅកាន់ក្រុងចម្បា ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ ឯក្រុងចម្បា ដោយលំដាប់ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ការរាក់ទាក់មួយអន្លើ ដោយភិក្ខុទាំងឡាយ ជាអាគន្តុកនេះ ជាបវេណី របស់ព្រះពុទ្ធទាំងឡាយ ដ៏មានព្រះភាគ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះ នឹងភិក្ខុ ឈ្មោះកស្សបគោត្តថា ម្នាលភិក្ខុ អ្នកឯងអាចអត់ទ្រាំសេចក្តីទុក្ខបានឬទេ អាចញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបានឬទេ អ្នកឯងមកកាន់ផ្លូវឆ្ងាយ មិនលំបាកទេឬ ម្នាលភិក្ខុ ម្យ៉ាងទៀត អ្នកមកពីណា។ ភិក្ខុឈ្មោះកស្សបគោត្ត ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ អាចអត់ធន់សេចក្តីទុក្ខបាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ អាចញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មកកាន់ផ្លូវឆ្ងាយ ដោយមិនមានសេចក្តីលំបាកទេ បពិត្រព្រះអង្គដ៏ចំរើន ស្រុកឈ្មោះវាសភៈ មានក្នុងកាសីជនបទ ខ្ញុំព្រះអង្គជាម្ចាស់អាវាស ក្នុងស្រុកឈ្មោះវាសភៈនោះ ជាប់ចំពាក់ដោយការរៀបចំក្នុងអាវាសនោះ ដល់នូវសេចក្តីខ្វល់ខ្វាយថា ធ្វើដូចម្តេច