ចូរអ្នកឯងដាក់រាជរថសិន ដ្បិតយើងនឿយព្រួយលំបាក យើងនឹងដេកសម្រាកបន្តិចសិន។ ម្នាលភិក្ខុទាំងឡាយ ឯទីឃាវុកុមារ បានទទួលស្តាប់ព្រះឱង្ការស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយក៏ដាក់រាជរថចេញ អង្គុយពែនភ្នែនលើផែនដី។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ក៏ទ្រង់ផ្ទំកើយព្រះសីសៈ លើភ្លៅទីឃាវុកុមារ។ ស្តេចនោះ នឿយព្រួយលំបាក ទ្រង់ផ្ទំលក់មួយរំពេច។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ទីឃាវុកុមារ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្តនេះ បានធ្វើសេចក្តីវិនាសជាច្រើន ដល់អាត្មាអញ ទាំងពល ពាហនៈ ជនបទ ឃ្លាំង នឹងជង្រុក របស់អាត្មាអញ ស្តេចនេះ រឹបជាន់យកអស់ មិនតែប៉ុណ្ណោះ ទាំងមាតាបិតា របស់អាត្មាអញ ស្តេចនេះ ក៏សម្លាប់ចោលអស់ វេលានេះ គួរអាត្មាអញ សងពៀរ ដល់ស្តេចនេះវិញ ហើយក៏ហូតព្រះខាន់ចេញពីស្រោម។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បិតាបានផ្តាំអាត្មាអញ ក្នុងពេលដែលទៀបធ្វើមរណភាពថា នែទីឃាវុកូន អ្នកឯងកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់ ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែងរម្ងាប់ដោយការមិនចងពៀរ បើអាត្មាអញ កន្លងពាក្យបិតាហើយ